នាថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ជូនប្រជាពលរដ្ឋក្រុងសំពៅពូន ខេត្តកណ្តាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ទទួលបានសមិទ្ធិផលថ្មីនាដើមឆ្នាំ២០២៤នេះ គឺផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ក្នុងនោះ ១ខ្សែប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ និង១ខ្សែទៀតប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ឯកឧត្តមអភិបាលងខេត្ត បានបន្តទៀតថា ដោយសារតែកត្តាសុខសន្តិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិទាំងមូលមានការរីកចម្រើនលើគ្រប់វិស័យ និងអាចសំរេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥ ដោយឡែកបច្ចុប្បន្ននេះ យើងទាំងអស់គ្នាបានដឹងហើយថាក្រុងសំពៅពូន គឺជាក្រុងទើបបង្កើតថ្មី ដែលជាប់ព្រំដែននិងប្រទេសវៀតណាម គឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ដូចជាស្ពាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង លូ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងវត្តអារាមជាដើម។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបបានទាន់ពេល៕